នូ កន

May 20, 2025
53
Image's នូ កន

 ប្រវត្តិរូបសង្ខេប

ឧកញ៉ា នូ កន កើតនៅឆ្នាំ 1874 នៅភូមិអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ មាតាឈ្មោះ នូ, បិតាឈ្មោះ អ៊ុក។ នៅវ័យ 9 ឆ្នាំ កុមារ នូ កន បានទៅស្នាក់សិក្សានៅវត្តអង្គត្នោត នៅក្នុងសំណាក់ចៅអធិការ អ៊ុន។ នៅវ័យ 14 ឆ្នាំ គាត់បានសាងផ្នួសជាសាមណេរ ហើយបានលាចាកសិក្ខាបទនៅឆ្នាំបន្ទាប់។

អាយុ 17 ឆ្នាំ គាត់បានធ្វើជាស្មៀនចៅហ្វាយខេត្តទ្រាំ (កម្ពុជាក្រោមសព្វថ្ងៃ)។ នៅឆ្នាំ 1891 គាត់បានផ្លាស់ទៅធ្វើការនៅក្នុងព្រះបរមរាជវាំង ក្នុងក្រុមព្រះអាល័ក្ខណ៍នារជ្ជកាលនៃព្រះករុណា នរោត្តម។

នៅឆ្នាំ 1895 គាត់ត្រូវបានផ្លាស់ប្តូរទៅធ្វើការខាងផ្នែកសុរិយោដី និងក្រសួងរតនាគារ។ ពេលនោះ អ្នកឧកញ៉ា ពិភក្តិទិព្វរាជ ម៉ម បានតាំងលោកជាហ្មឺនភក្ដីអក្សរ។

ឆ្នាំ 1902 លោកបានប្រឡងជាប់ចំណាត់ថ្នាក់លេខ 1 ជាអ្នកប្រាជ្ញផ្នែកអក្សរសាស្ត្រ។ ឆ្នាំ 1903 រដ្ឋបាលបារាំងបានចាត់ឲ្យគាត់ទៅជាចៅហ្វាយខេត្តកំពង់សៀមរយៈពេល 2 ខែ បន្ថែមតួនាទីជាគ្រូបង្រៀនច្បាប់ និងទំនៀមទម្លាប់ខ្មែរ។ គាត់គឺជាអ្នកដំបូងប្រើពាក្យ "ប្រលោមលោក"។

ឆ្នាំ 1908 លោកត្រូវបានចាត់ឲ្យទៅបន្តសិក្សាច្បាប់នៅប្រទេសបារាំង។ បន្ទាប់ពីត្រឡប់មកវិញ លោកទទួលបានដំណែងជាច្រើនដូចជា៖

ចៅហ្វាយខេត្តពញាឮ

ចៅហ្វាយខេត្តស្ទឹងត្រែង

ឧកញ៉ាសភាមន្ត្រី ចៅក្រមសាលាឧទ្ធរណ៍

ឧកញ៉ាពិភ័ក្តីវិនិច្ឆ័យ

ចៅហ្វាយខេត្តកំពង់សៀម (កំពង់ធំ)

ឧកញ៉ាមហាវិនិច្ឆ័យ ចាងហ្វាងសាលាឧទ្ធរណ៍ ក្រុមរដ្ឋប្បវេណី

ឧកញ៉ាវិបុលរាជភូឈួយ សេនាបតីក្រសួងជើងទឹក ថ្នាក់ឧត្តមមន្ត្រីលេខ 2

ឧកញ៉ាវិបុលរាជភូឈួយ ក្រសួងពាណិជ្ជករ

ឧកញ៉ាវិបុលរាជសេនា


លោកបានចូលនិវត្តន៍នៅឆ្នាំ 1931 ហើយបានជាប់ឈ្មោះជាតំណាងរាស្ត្រមណ្ឌលកោះសុទិន នៃគណបក្សប្រជាធិបតេយ្យ ឆ្នាំ 1946។

ដោយសារជំងឺចាស់ជរា លោកបានទទួលមរណភាពនៅថ្ងៃទី 8 ខែកុម្ភៈ ឆ្នាំ 1950 វេលាម៉ោង 8 យប់ មានអាយុ 78 ឆ្នាំ នៅគេហដ្ឋាន ខេត្តកំពង់ចាម។


 ស្នាដៃនិពន្ធ

  • រឿងពិម្ពានិព្វាន (1960)
  • រឿងទាវឯក (ពាក្យកាព្យ – 1923) – ជាប់លេខ 1 ខាងអក្សរសាស្ត្រ
  • រឿងសាមកុក (ប្រែពីចិន – 1933)
  • រឿងអ៊ីណាវ (កំណាព្យ)
  • រឿងតុង ឈិន (ប្រលោមលោក ពាក្យរាយ – 1947)